ព្រះសង្ឃ វត្តបទុមវតីរាជវរារាម ជារៀងរាល់ព្រឹកតែងនាំយកបបរ ទៅចែកជូនប្រជាពលរដ្ឋដែលមកសម្រាកថែទាំកូនចៅសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពចែកទាននេះ កើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ផ្ដើមពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
សកម្មភាពព្រះសង្ឃ នាំយកបបរចែកជូនប្រជាពលរដ្ឋដែលនាំកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នេះកើតឡើងជារៀងរាល់ឆ្នាំ សម្រាប់កំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ការចែកទានជាបបរនេះ គឺជារៀងរាល់ព្រឹក ក្រោយព្រះសង្ឃគង់នៅ វត្ត បទុមវតីរាជវរារាម ឆាន់ចង្ហាន់ពេលព្រឹករួចរាល់ ព្រះសង្ឃបាននិមន្តដើរដោយលើកបបរ ៣ឆ្នាំងធំៗ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងក្បែរនឹងវត្ត។
ព្រះសង្ឃ ព្រះនាម ព្រីង ឆាង មានសង្ឃដីកា នេះជាការចែកទានដែល វត្តបទុមវតីរាជវរារាម បានធ្វើឡើងជារៀងរាល់ឆ្នាំ។ ការចែកទាននេះ ក៏ជាទឹកចិត្តជ្រះថ្លារបស់ម្ចាស់វេនប្រចាំថ្ងៃបិណ្ឌនីមួយៗផងដែរ។
សម្រាប់ប្រជាពលរដ្ឋជាអ្នកទទួលទាន ពួកគេពិតជាសប្បាយចិត្តចំពោះការចែកទានជារៀងរាល់ព្រឹកនេះ។ ពួកគេមើលឃើញនេះជាសកម្មភាពចែករំលែកដ៏ប្រពៃ ដែលអាចជួយសម្រួលទាំងការចំណាយរបស់ពួកគាត់ថែមទៀតផង។
កំឡុងពេលពិធីបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាច្រើនបាននាំយកចង្ហាន់ គ្រឿងឧបភោគបរិភោគ ប្រគេនជូនព្រះសង្ឃ។ សម្រាប់កំឡុងពេលនេះតាមទីវត្តអារាម តែងមានការចែកទានទៅកាន់ប្រជាពលរដ្ឋពិសេសអ្នកខ្វះខាតវិញផងដែរ៕ អត្ថបទ៖ គឹមហុក









