គេហទំព័រ malijet បានរាយការណ៍ថា ប្រទេសរុស្ស៊ី បានផ្តល់ជំនួយជាបន្ទាន់ដល់កងកម្លាំងប្រដាប់អាវុធនៃប្រទេសម៉ាលី បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវទៅលើសាលារៀន Faladie Gendarmerie ក្នុងរដ្ឋធានីបាម៉ាកូ( Bamako)។
យន្តហោះដឹកជញ្ជូនយោធា Il-76 របស់រុស្ស៊ីជាមួយទំនិញសម្រាប់កងកម្លាំងប្រដាប់អាវុធម៉ាលីនៅលើនោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Modibo Keita ក្នុងរដ្ឋធានីបាម៉ាកូ។ ព័ត៌មានលម្អិតផ្សេងទៀតនៃការដឹកជញ្ជូន មិនទាន់ដឹងនៅឡើយទេ។
គេហទំព័រនោះ បាននិយាយថា ការដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងជាផ្នែកនៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងម៉ាលី ដើម្បីបង្កើនទំនាក់ទំនងការពារជាតិ និងសន្តិសុខ។
នៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែកញ្ញា ភេរវករមួយក្រុម បានប៉ុនប៉ងទម្លុះចូលទៅក្នុងសាលារៀន Faladie Gendarmerie ក្នុងរដ្ឋធានីបាម៉ាកូ។ ការបំផ្ទុះជាបន្តបន្ទាប់ បានធ្វើឲ្យកក្រើកតំបន់នោះ ហើយការបាញ់ប្រហារ បានកើតឡើង។ ក្រោយមក យោធាបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖«ស្ថានការណ៍ ស្ថិតនៅក្រោមការគ្រប់គ្រង»។ ការចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Modibo Keita ដែលមានទីតាំងនៅក្បែរនោះ ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្នពាក់ព័ន្ធនឹងការវាយប្រហារ។