រដ្ឋាភិបាលយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ បានគាំទ្រដល់ការអនុម័តថ្មីៗនេះរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)នូវសេចក្តីសម្រេចមិនជាប់កាតព្វកិច្ច ដែលអំពាវនាវឲ្យអ៊ីស្រាអែលដកចេញពីទឹកដីប៉ាឡេស្ទីនដែលខ្លួនបានគ្រប់គ្រង ក្នុងរយៈពេលមួយឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba ក្រសួងការបរទេសយេម៉ែន បានសាទរចំពោះសេចក្តីសម្រេចដែលត្រូវបានអនុម័ត ក្នុងអំឡុងពេលសម័យប្រជុំពិសេសគ្រាអាសន្នលើកទី១០ របស់មហាសន្និបាតUN។
ក្រសួងបាននិយាយថា៖«ការអនុម័តនៃសេចក្តីសម្រេចនេះដោយរដ្ឋសមាជិកភាគច្រើន ឆ្លុះបញ្ចាំងពីការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះបុព្វហេតុប៉ាឡេស្ទីន និងការអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រង និងកាត់បន្ថយការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន»
ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវសន្តិភាព និងការបង្កើតរដ្ឋប៉ាឡេស្ទីនអធិបតេយ្យមួយ ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ស្របតាមសេចក្តីសម្រេចរបស់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។