នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និយាយនៅថ្ងៃសុក្រនេះថា ចិននឹងពិនិត្យមើលឡើងវិញបំរាមរបស់ខ្លួនលើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន និងធ្វើការឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញការនាំចូលអាហារមួយនេះ ក្រោយបង្កើនការត្រួតពិនិត្យបទប្បញ្ញត្តិទឹកសំណល់វិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ។
គួរឲ្យដឹងថា ចិនបានហាមឃាត់ការទិញអាហារសមុទ្រដែលមានប្រភពនៅប្រទេសជប៉ុន ដោយលើកឡើងពីហានិភ័យនៃកង្វក់វិទ្យុសកម្ម ក្រោយក្រុមហ៊ុន Tokyo Electric Power បញ្ចេញទឹកបន្សាបពីរោងចក្រថាមពលនុយក្លេអ៊ែរខូច Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីឆ្នាំមុន ។
ជប៉ុនបាននិយាយការពារថា ការបញ្ចេញទឹកមានសុវត្ថិភាព ដោយពួកគេកត់សំគាល់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានធ្វើការសន្និដ្ឋានផងដែរថា ផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថាន គឺមានកម្រិតតិចតួចប៉ុណ្ណោះ ។
សូមបញ្ជាក់ថា មុនបំរាមនេះ ចិនគឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្រជប៉ុន ៕