ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយទៅកាន់អង្គការសហប្រជាជាតិថា សហគមន៍អន្តរជាតិត្រូវខិតខំ និងពង្រឹងរដ្ឋាភិបាលតាលីបង់ថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ជំនួសឱ្យការដាក់ប្រទេសនេះឲ្យនៅឯកោ។ លោក Imran Kahn បាននិយាយក្នុងមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានមានស្ថិរភាពគឺគាំទ្ររដ្ឋាភិបាលតាលីបង់ និងធ្វើឲ្យក្រុមនេះមានការទទួលខុសត្រូវ។

លោក Imran Kahn និយាយថា តើក្រុមតាលីបង់បានសន្យាអ្វីខ្លះ? ពួកគេនឹងគោរពសិទ្ធមនុស្ស ពួកគេនឹងមានរដ្ឋាភិបាលរួមបញ្ចូលគ្នា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដីរបស់ពួកគេត្រូវបានប្រើប្រាស់ដោយក្រុមភេរវករឡើយ ហើយពួកគេនឹងផ្តល់ការលើកលែងទោស។ ពេលនេះ ប្រសិនបើសហគមន៍ពិភពលោកដាស់តឿនទឹកចិត្តពួកគេ ជំរុញទឹកចិត្តពួកគេក្នុងការពិភាក្សា វានឹងក្លាយជាស្ថានភាពឈ្នះ-ឈ្នះសម្រាប់មនុស្សគ្រប់គ្នា។ មានការព្រួយបារម្ភជាច្រើនអំពីសហរដ្ឋអាមេរិក ចំពោះការយកចិត្តទុកដាក់លើអ្នកដែលបានជួយពួកគេ ដូចជាអ្នកបកប្រែ និងអ្នកផ្សេងទៀតដែលជួយសហរដ្ឋអាមេរិក។ ចុះយើងវិញ? មូលហេតុតែមួយគត់ដែលយើងរងទុក្ខខ្លាំងគឺដោយសារតែយើង បានក្លាយជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ ប៊ុន ថន