ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ង្សាដោយចេតនា ព្រួតគ្នាវាយ បណ្តាលឱ្យរបួស ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១. ឈ្មោះ តាំង សឿន ភេទប្រុស ទី២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, ទី៣. ឈ្មោះ អាន់ សុខា ភេទប្រុស និងទី៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះមានគ្នា ៣នាក់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិចរបស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។
នៅពេលដេញបុក ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។
ដោយសាររងនូវភាពអយុត្តិធម៌ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែលមានតួនាទីជាមន្ដ្រីយោធានដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាននាំពួកគេទៅដាក់ពាក្យ បណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យជួយអន្ដរាគមន៍កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ



