របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការគ្រូពេទ្យបាននិយាយកាលពីថ្ងៃសៅរ៍ (២១ កញ្ញា) ថា វេជ្ជបណ្ឌិតកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្កើត និងចែកចាយ «បញ្ជីខ្មៅ» នៃសហសេវិកដែលមិនចូលរួមក្នុងការតវ៉ា ជុំវិញកំណែទម្រង់ការបណ្តុះបណ្តាលវេជ្ជសាស្រ្ត។

ករណីនេះជាការចាប់ខ្លួនគ្រូពេទ្យហាត់ការលើកដំបូងក្នុងរយៈពេលជាង ៦ខែនៃជម្លោះរវាងរដ្ឋាភិបាល និងគ្រូពេទ្យកម្មសិក្សាការី ជុំវិញការផ្អាកការងារដ៏យូរ ដែលបានបណ្តាលឱ្យមានការស្លាប់នៃអ្នកជំងឺសង្គ្រោះបន្ទាន់មួយចំនួន។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) រាយការណ៍ថា គ្រូពេទ្យរូបនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ជុំវិញការបង្កើតបញ្ជីឈ្មោះ និងព័ត៌មានផ្ទាល់ខ្លួនរបស់សហសេវិកដែលបានត្រឡប់ទៅធ្វើការវិញ ឬបានបោះបង់មិនបន្តធ្វើកូដកម្ម បន្ទាប់មកចែកចាយបញ្ជីនោះម្តងហើយម្តងទៀតដោយមានចេតនាព្យាបាទតាមរយៈកម្មវិធីសង្គមដូចជាតេលេក្រាមជាដើម។

ប្រធានសមាគមគ្រូពេទ្យកូរ៉េ (KMA) ដែលជាស្ថាប័នវេជ្ជបណ្ឌិតឈានមុខគេរបស់កូរ៉េខាងត្បូង បានជួបជាមួយគ្រូពេទ្យដែលកំពុងជាប់ឃុំនោះនៅបុស្តិ៍នគរបាលក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដោយនិយាយបន្ទាប់ពីនោះថា រដ្ឋាភិបាលជាអ្នកត្រូវស្តីបន្ទោសចំពោះស្ថានភាពនេះ៕