កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ឬកងកម្លាំងយោធាសម្រាំងរបស់អ៊ីរ៉ង់ បាននិយាយថា ខ្លួនបានលាតត្រដាងបណ្តាញភ្នាក់ងារអ៊ីស្រាអែល ១២នាក់ នៅក្នុងខេត្តចំនួន ៦ របស់អ៊ីរ៉ង់ ដែលកំពុងតែរៀបចំផែនការដើម្បីធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិរបស់ប្រទេសនេះ។

ទីភ្នាក់ងារព័ត៌មាន Tasnim បាននិយាយដោយដកស្រង់សេចក្តីថ្លែងការណ៍របស់IRGCថា៖«ការស៊ើបការណ៍របស់កងឆ្មាំបដិវត្តន៍ឥស្លាម បានលាតត្រដាងបណ្តាញនៃអ្នកសមគំនិត និងទាហានស៊ីឈ្នួល [អ៊ីស្រាអែល] ចំនួន ១២នាក់ នៅក្នុងខេត្តចំនួន ៦ ដែលមានផែនការ ធ្វើសកម្មភាពប្រឆាំងនឹងប្រជាជន ដែលមានបំណងធ្វើឲ្យខូចសន្តិសុខ។

កងឆ្មាំបដិវត្តន៍ឥស្លាម ( IRGC) បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការព្យាយាមធ្វើឲ្យជម្លោះនេះរាលដាលចូលទៅក្នុងទឹកដីអ៊ីរ៉ង់ និងធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសនេះ មានអស្ថិរភាព។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានបើកការវាយប្រហារទៅលើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការលើដីប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់វេសបែង(West Bank)។