ព្រះសីហនុ ៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺជាការផ្សព្វផ្សាយលទ្ធផលនៃការ ប្រើប្រាស់ថវិកាកម្មវិធី ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត យល់ដឹងវឌ្ឍនភាព នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមូលដ្ឋានគ្រឹះ និងបំភ្លឺបន្ថែមលើ មុខងារវិភាជន៍ថវិកា
មុខងារការទិញ.លទ្ធកម្មសាធារណៈនិង មុខងារគណនីត្រូវសង ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងដូចនេះ នៅក្នុងពិធីបើកសិក្ខា សាលាស្តីពី “ ការផ្សព្វផ្សាយលទ្ធផលនៃការប្រើប្រាស់ថវិកាកម្មវិធី” ដោយមានការចូលរួមពី លោក លោកស្រី នាយកដ្ឋាន ផ្គត់ផ្គង់ និងហិរញ្ញវត្ថុ មន្ត្រីនាយកដ្ឋាន និង មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្ត នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ស្ថិតនៅក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ និងឆ្លងកាត់ បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលស្តែងចេញឱ្យឃើញ តាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និង បានបន្តផ្តល់អាទិភាពលើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង ចាត់ទុកភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាឆ្អឹងខ្នងនៃការអនុវត្តរបៀបវារៈ គោលនយោបាយ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងថ្ងៃដដែលនេះដែរ បានបិទសិក្ខាសាលា បន្ទាប់ពីបាន ដំណើរការសិក្ខាសាលា អស់រយៈពេល ពេញ ០១ ថ្ងៃកន្លងមក ។
ក្រោយពីបានស្តាប់ ការបូកសរុប លទ្ធផល នៃសិក្ខាសាលារួចមក ឯកឧត្តម បានកោតសរសើរ ចំពោះ លទ្ធផលដែលបានឆ្លុះបញ្ជាំងអោយឃើញថា សិក្ខាសាលាថ្ងៃនេះ ពិតជាបានផ្តល់នូវចំណេះដឹងបន្ថែម និងមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយដល់មន្ត្រីរាជការ នៅថ្នាក់ កណ្ដាល និងតាមមន្ទីរចំណុះក្រសួងអភិវឌ្ឍន៍ជនបទ លើមុខងារវិភាជន៍ថវិកា មុខងារការទិញ លទ្ធកម្មសាធារណៈ មុខងារគណនីត្រូវសង។
ឯកឧត្តមក៏បានបញ្ជាក់ថា កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានអនុវត្តឈានដល់ដំណាក់កាលទី ៤ ហើយ ដូចនេះការអភិវឌ្ឍ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង និង ជាដំណោះស្រាយ ដ៏មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
ដូចនេះដើម្បីអនុវត្ត និងសម្រេចគោលនយោបាយ ក្រសួង ស្ថាប័ន ត្រូវមានអភិបាលកិច្ចល្អ ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួម អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យទៅថ្ងៃអនាគត៕
















