នៅជំរំភូមិគ្រូបង្រៀនសម្រាប់មនុស្សជម្លៀសខ្លួន ស្ថិតក្នុងទីក្រុងភាគអាគ្នេយ៍ Maiduguri ប្រទេសនីហ្សេរីយ៉ា ការងារជួយសង្រ្គោះ បានធ្វើឡើង ជាមួយនឹងបាវអង្ករ និងប្រអប់ប៉ាស្តា ដែលត្រូវបានចែកជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋជម្លៀសខ្លួន និយាយថា លក្ខខណ្ឌអាក្រក់បានភ្ជាប់មកជាមួយ អ្នកដែលទទួលបានអំណោយ ត្រូវតែចាកចេញពីជំរំបន្ទាន់ ដូចដែលបានកំណត់ដោយរដ្ឋាភិបាលរដ្ឋ Borno ។
ប៉ុន្តែសម្រាប់អ្នកជម្លៀសខ្លួនត្រូវចាកចេញពីជំរំ ប្រឈមនឹងការលំបាកជាខ្លាំង ។
សហគមន៍មួយចំនួន នៅជន់លិច ហើយសូម្បីតែតំបន់ដែលមានទឹកស្រក ផ្ទះសម្បែងរបស់ពួកគេ ក្លាយជាគំនរបាក់បែក រងការបំផ្លិចបំផ្លាញដោយសារចរន្តទឹកហូរខ្លាំង ។
លោក Isa Musa គឺជាអ្នករស់រានមួយរូបពីទឹកជំនន់ ដែលបានរស់នៅក្នុងជំរំមួយនេះ អស់រយៈពេលជាង ១សប្តាហ៍មកហើយ ប៉ុន្តែឥឡូវលោកត្រូវតែចាកចេញ ក្រោយទទួលបានស្បៀងអាហាររបស់គាត់ ។
បើទោះបីជាផ្ទះរបស់លោក Musa ស្ថិតនៅក្នុងចំណោមសហគមន៍ដែលមានទឹកស្រកក៏ដោយ ក៏កម្ទេចកម្ទី និងភក់ នៅពេញបរិវេនផ្ទះរបស់គាត់ ។
ផ្ទះរបស់គាត់ ដែលផ្តល់កន្លែងស្នាក់នៅដល់មនុស្សប្រហែល ២០នាក់ រួមទាំងភរិយារបស់គាត់ កូនៗ ២នាក់របស់គាត់ ឪពុកម្តាយរបស់គាត់ ម្តាយចុងរបស់គាត់ បងប្អូនបង្កើត និងសាច់សារលោហិតសាច់ឆ្ងាយផ្សេងទៀត បច្ចុប្បន្នក្លាយជាគំនរបាក់បែក ។
សូមបញ្ជាក់ថា ទឹកជំនន់នៅទីក្រុង Maiduguri បានចាប់ផ្តើមកើតមានកាលពីថ្ងៃទី ១០ ខែកញ្ញា ក្រោយបាក់ទំនប់ទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ១លាននាក់ ៕