គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ បានស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ១១៩,៧លានអឺរ៉ូ (១៤១,៤ លានដុល្លារអាមេរិក) សម្រាប់កសិករនៅប្រទេសប៊ុលហ្គារី អាល្លឺម៉ង់ អេស្តូនី អ៊ីតាលី និងរ៉ូម៉ានី ដែលរងផលប៉ះពាល់ដោយអាកាសធាតុធ្ងន់ធ្ងរ នៅនិទាឃរដូវ និងរដូវក្តៅ នេះ។

ប្រទេសអាល្លឺម៉ង់ នឹងទទួលបានចំណែកច្រើនបំផុតនៃមូលនិធិដែលសរុបមាន ៤៦,៥ លានអឺរ៉ូ បន្ទាប់មកប្រទេសអ៊ីតាលី ៣៧,៤លាន រ៉ូម៉ានី២១,៦លាន ប៊ុលហ្គារី១០,៩លាន និងប្រទេសអេស្តូនី ៣,៣ លានអឺរ៉ូ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការ។
លោក Janusz Wojciechowski ស្នងការអឺរ៉ុបទទួលបន្ទុកកសិកម្ម បាននិយាយថា សំណើនេះ បង្ហាញពីសេចក្តីថ្លែងការណ៍ដ៏រឹងមាំនៃសាមគ្គីភាពរបស់សហភាពអឺរ៉ុបជាមួយកសិករ ដែលកំពុងត្រូវការជំនួយ។

មូលនិធិនេះ នឹងត្រូវបានដកចេញពីគោលនយោបាយកសិកម្មរួមរបស់សហភាពអឺរ៉ុប ឆ្នាំ ២០២៣ដល់ឆ្នាំ២០២៧ ដែលរួមមានទុនបម្រុងកសិកម្មយ៉ាងហោចណាស់៤៥០លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយផលប៉ះពាល់លើទីផ្សារ និងកាលៈទេសៈ ពិសេស។
អាជ្ញាធររបស់ប្រទេស ត្រូវបានគេរំពឹងថានឹងចែកចាយជំនួយដល់កសិករនៅចុងខែមេសា ឆ្នាំ ២០២៥ ហើយអាចបំពេញបន្ថែមចំនួនដែលបានបែងចែក ជាមួយមូលនិធិជាតិ រហូតដល់២០០ភាគរយ។
ផលប៉ះពាល់នៃអាកាសធាតុធ្ងន់ធ្ងរ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ រួមមានអាកាសធាតុក្តៅ និងស្ថានភាពស្ងួតហួតហែងនៅក្នុងប្រទេសអ៊ីតាលី អាកាសធាតុត្រជាក់នៅប្រទេសអេស្តូនីនិងអាល្លឺម៉ង់ ព្រមទាំងរលកកម្តៅ គ្រោះរាំងស្ងួត និងព្យុះនៅប្រទេសប៊ុលហ្គារី។
កាលពីខែកក្កដា គណៈកម្មការក៏បានបែងចែកថវិកាចំនួន៧៧លានអឺរ៉ូ សម្រាប់កសិករនៅប្រទេសអូទ្រីស សាធារណរដ្ឋឆេក ប៉ូឡូញ និងប្រទេសព័រទុយហ្គាល់ ដែលរងផលប៉ះពាល់ដោយស្ថានភាពអាកាសធាតុមិនអំណោយផល ផងដែរ។
បម្រែបម្រួលអាកាសធាតុ បានបន្តជះឥទ្ធិពលដល់អឺរ៉ុប ដែលនាំឱ្យមានស្ថានភាពអាកាសធាតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ រួមមានទាំងទឹកជំនន់នៅអឺរ៉ុបកណ្តាល កាលពីដើមខែនេះ។