ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានថ្លែងថា ការដាក់ទណ្ឌកម្មឯកតោភាគី រារាំងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយគួរតែជាកម្មវត្ថុនៃការសិក្សាលម្អិតរបស់អង្គការសហប្រជាជាតិ។
ដោយថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត: ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកដែលកាន់តែប្រសើរឡើង នៅទីស្នាក់ការUN លោកបាននិយាយថា៖«ការដាក់ទណ្ឌកម្មឯកតោភាគី រារាំងវឌ្ឍនភាពក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយគួរតែត្រូវបានយកមកពិចារណា នៅក្នុងឯកសារណាមួយ នាពេលអនាគត» ។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវឲ្យ«ប្រធានអង្គការសហប្រជាជាតិ សហការជាមួយប្រទេសដែលរងផលប៉ះពាល់ដោយទណ្ឌកម្មឯកតោភាគី បង្ហាញរបាយការណ៍ដ៏ទូលំទូលាយមួយ ទៅកាន់មហាសន្និបាតអំពីបញ្ហានេះ»។
លោក Pezeshkian បានបន្ថែមថា៖«យើងអំពាវនាវឲ្យមានកំណែទម្រង់ជាបន្ទាន់ នៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធានាឲ្យមានការចូលរួមពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការសម្រេចចិត្ត និងការកំណត់បទដ្ឋាន» ។
កិច្ចប្រជុំកំពូលស្តីពីអនាគតនេះ បានធ្វើឡើង នៅថ្ងៃទី ២២-២៣ ខែកញ្ញា នៅទីស្នាក់ការUN នៅទីក្រុងញូវយ៉ក មុនពេលការពិភាក្សាគោលនយោបាយទូទៅនៃសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាត។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាសកល និងបង្កើតដំណោះស្រាយរួមដោយមេដឹកនាំពិភពលោក អ្នកជំនាញ និងសង្គមស៊ីវិល។ ទោះបីជាមានការប្រកាសពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលក៏ដោយ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ មិនចូលរួមក្នុងកម្រិតប្រមុខរដ្ឋនិង រដ្ឋាភិបាលឡើយ។