លោក Vladimir Putin បានពង្រីកបញ្ជីឈ្មោះប្រទេសដែលមិនមែនជាមិត្តរបស់ប្រទេសរុស្ស៊ី ខណៈដែលការលុកលុយលើបអ៊ុយក្រែន ចូលដល់ខែទី៣១ ហើយ ដោយភាពតានតឹង រវាងទីក្រុងមូស្គូ និងលោកខាងលិច មានកាន់តែខ្លាំងឡើងៗ។
ការធ្វើបច្ចុប្បន្នភាពបញ្ជីនេះ បានរាយឈ្មោះប្រទេសចំនួន ៤៧ ដែលត្រូវបានចាត់ទុកថា មានអរិភាព ជាមួយប្រទេសរុស្ស៊ី ក្នុងនោះរួមទាំងបណ្ដាសមាជិកសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម។
តែអ្វីដែលគួរឲ្យគាត់សម្គាល់ គឺថា ក្នុងបញ្ជីនោះ អត់មានវត្តមានរបស់ប្រទេសចំនួន ៣ របស់អង្គការណាតូ (NATO) គឺហុងគ្រី ស្លូវ៉ាគី និងទួរគី។ ហើយបើយោងតាមសារព័ត៌មាន Ziare បានឲ្យដឹងថា នៅក្នុងការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើល កោះដែលប្រទេសចិនចាត់ទុកថា ជាផ្នែកនៃដែនដីរបស់ខ្លួន គឺកោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងចាប់តាំងពីឆ្នាំ១៩៤៩ មកនោះ ត្រូវបានរួមបញ្ចូលក្នុងចំណោមអមិត្តរបស់រុស្ស៊ី។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានអនុម័តជាផ្លូវការនូវបញ្ជីខ្មៅនេះ ដែលកំណត់គោលដៅប្រទេសដែលសកម្មភាពរបស់ពួកគេត្រូវបានចាត់ទុកថា ជា «ការបំផ្លិចបំផ្លាញ« តម្លៃខាងចិត្តវិញ្ញាណ និងសីលធម៌របស់ប្រទេសរុស្ស៊ី។
បញ្ជីនេះ គឺជាការបង្ហាញនូវវិវត្តន៍ចុងក្រោយបង្អស់នៃភាពតានតឹងជាបន្តបន្ទាប់ គិតចាប់តាំងពីការបញ្ចូលឧបទ្វីបគ្រីម៉ាជាដែនដីឧបសម្ព័ន្ធដោយខុសច្បាប់ ក្នុងឆ្នាំ២០១៤ ពោលគឺជាអ្វី ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់រុស្ស៊ីជាមួយអឺរ៉ុប និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។ ហើយលើសពីនោះទៀត ការលុកលុយរបស់រុស្ស៊ីចូលដែនដីអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននាំឲ្យចំណងទាក់ទងជាមួយប្រទេសលោកខាងលិចស្ទើរតែដាច់ទាំងស្រុងតែម្ដង៕