ប្រទេសអ៊ីរ៉ង់ បានបង្ហាញយានដ្រូន និងមីស៊ីលនៅតាមដងផ្លូវនានាក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាការព្រមានទៅកាន់អ៊ីស្រាអែល ថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីសងសឹកការស្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh។

នៅតាមដងផ្លូវនានា របស់រដ្ឋធានី គ្របដណ្ដប់ដោយគ្រឿងយុទ្ធោបករណ៍យោធាអមដោយបដា សរសេរថា យើងនឹងសងសឹក និងរូបផូស្ទ័រ របស់លោក Haniyeh និងមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Qassem Soleimani ដែលត្រូវបានសម្លាប់ដោយយានដ្រូនរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០។
គួររម្លឹកថាមេដឹកនាំក្រុមហាម៉ាស រូបនេះត្រូវបានធ្វើឃាតក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីចុងខែកក្កដា ជាការវាយប្រហារមួយទាក់ទាញការគំរាមសងសឹកលើអ៊ីស្រាអែល និងបានដុតបញ្ឆេះឲ្យមានក្ដីបារម្ភកាន់តែខ្លាំងថាជម្លោះក្នុងដែនដីហ្កាហ្សា កំពុងប្រែក្លាយជាសង្គ្រាមរីកកាន់តែធំនៅមជ្ឈិមបូព៌ា។
ថ្លែងបន្ទាប់ពីទៅដល់ទីក្រុង New York ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បាននិយាយថាប្រទេសរបស់លោក នឹងឆ្លើយតបដ៏ស័ក្ដិសមចំពោះការលួចធ្វើឃាតសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ដល់ក្នុងផ្ទះរបស់ខ្លួន៕