ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង កិច្ចប្រជុំកំពូលស្តីពីអនាគត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះចំនួន៥ រួមមាន៖ (១) ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ (២) តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (៣) ដំណោះស្រាយ និងហានិភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ (៤) សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ និង (៥) សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់សន្តិភាព ស្ថិរភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាថ្ងៃបន្ទាប់(ថ្ងៃទី២៤ខែកញ្ញា) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។

លោកជំទាវ Baiba Braže បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដើម្បីរៀបចំជំនួបទ្វេភាគីនេះ ហើយលោកជំទាវនឹងបន្តជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅថ្ងៃជាមួយគ្នានោះដែរ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Péter Szijjártó បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី។
