ក្រសួងការបរទេសក្រិក នៅថ្ងៃពុធ (ទី២៥ ខែកញ្ញា) បានឲ្យដឹងថា ប្រទេសក្រិក និងទួរគី នឹងស្វះស្វែងរកថា តើពួកគេអាចចាប់ផ្តើមកិច្ចចរចា ដែលមានគោលបំណងកំណត់តំបន់ដែនសមុទ្ររបស់ពួកគេដែរ ឬយ៉ាងណា។
ប្រទេសជិតខាងទាំង២ ក្រិក និងទួរគី ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ (NATO) តែជាសត្រូវប្រវត្តិសាស្ត្រ មានជម្លោះជាមួយគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ ជុំវិញបញ្ហាជាច្រើន រាប់ចាប់ពីដែនអាកាស រហូតដល់ដែនសមត្ថកិច្ចដែនសមុទ្រ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ និងការបែងចែកគ្រប់គ្រងកោះស៊ីប។
កិច្ចព្រមព្រៀងស្តីពីកន្លែងដែលតំបន់ដែនសមុទ្ររបស់ពួកគេចាប់ផ្តើម និងបញ្ចប់ មានសារៈសំខាន់ សម្រាប់ការកំណត់សិទ្ធិលើការបម្រុងទុកឧស្ម័នដែលអាចកើតមាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពល។
ភាពតានតឹងបានធូរស្រាលបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសទាំង២ បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ដើម្បីចាប់ផ្តើមជុសជុលទំនាក់ទំនងរបស់ពួកគេឡើងវិញ ដោយសន្យាថា នឹងរក្សាបណ្តាញទំនាក់ទំនងបើកចំហ និងធ្វើការលើបញ្ហាដែលបានធ្វើឲ្យពួកគេមើលមុខគ្នាមិនចំ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីទួរគី និងក្រសួងការបរទេសក្រិក បានឲ្យដឹងថា នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis និងប្រធានាធិបតីទួរគី លោក Tayyip Erdogan បានជួបគ្នា នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) ហើយបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី៕


