បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យក្មេងក្រុមកងយោធពលខេមរភូមិន្ទ ជឿ ណាចា បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែន និងពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅប្រទេសជប៉ុននាខែតុលាខាងមុខ។
ណាចា បានបញ្ជាក់ថា ខ្លួនមិននឹកស្មានថា មានឱកាសជាប់ជម្រើសជាតិនោះទេ ទោះបីនេះជាក្ដីស្រម៉ៃដ៏ធំរបស់ខ្លួនក៏ដោយ ព្រោះរូបគេបារម្ភពីកាយសម្បទា។ តែយ៉ាងណាក្រោយទទួលបានសេចក្ដីទុកចិត្តពីគ្រូបង្វឹកលោក Ryu Hirose ក៏ដូចជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ណាចា ប្ដេជ្ញានឹងខំប្រឹងទ្វេដងដើម្បីមានឱកាសលេង ឬឈានទៅបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង។ គួរដឹងថា ជឿន ណាចា គឺជាកីឡាករវ័យក្មេងម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងជាច្រើន ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិដើម្បីត្រៀមការប្រកួតពានរង្វាន់ទ្វីបអាស៊ីទាំង ២ រួមមានការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 ដែលក្រុមគោព្រៃកម្ពុជានឹងត្រូវជួបក្រុមកោះហ្គាំ នៅលើទឹកដីកណ្ដាលនាប្រទេសបារ៉ែនទាំង ២ជើងនាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា។ ចំណែកការប្រកួត AFC U23 Asian Cup Uzbekistan 2022-Qualifiers ក្រុម U23 កម្ពុជានឹងត្រូវប្រកួតជម្រុះក្នុងពូល K ដោយត្រូវជួបហុងកុងនាថ្ងៃទី២៣-តុលា និងជួបម្ចាស់ផ្ទះជប៉ុននាថ្ងៃទី២៦-តុលា ឆ្នាំ២០២១៕
អត្ថបទ៖ លី ឈុនឡា