រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាបដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) បានប្រកាសថា គិតត្រឹមថ្ងៃអង្គារ (២៤ កញ្ញា) សប្ដាហ៍នេះ ចំនួនជនភៀសខ្លួនខាងក្នុងមានជិតកន្លះលាននាក់ ដោយសារការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែល ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃវិបត្តិជនភៀសខ្លួនរបស់ប្រទេសដែលរួមរឹតដោយភាពតានតឹងខ្លាំងរួចទៅហើយ។

លោក Habib បានថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិទីក្រុងញូវយ៉កថា ចំនួនជនភៀសខ្លួននៅក្នុងប្រទេសលីបង់ បានកើនឡើងជិត ៥០០.០០០នាក់ ដែលជាលទ្ធផលនៃការវាយលុករបស់យោធាអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ពីផលប៉ះពាល់មនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកំពុងកើនឡើងនៃជម្លោះ។

គួរបញ្ជាក់ថា មុនមានការវាយប្រហាររបស់អ៊ីស្រាអែលថ្មីៗនេះ លីបង់បានរងគ្រោះជាមួយនឹងជនភៀសខ្លួនចំនួន ១១ម៉ឺននាក់រួចទៅហើយ ខណៈលោក Habib បានគូសបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរទៅៗ ដោយចំនួនជនភៀសខ្លួននៅពេលនេះមានជិតកន្លះលាននាក់ ហើយអាចនឹងបន្តកើនឡើងថែមទៀត។

កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើលីបង់ តាំងពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះមក ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ខណៈជម្លោះរវាងភាគីទាំងពីរកាន់តែតានតឹង។ រដ្ឋមន្ត្រីសុខាភិបាលលីបង់និយាយថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាមទៅលើលីបង់ ចាប់តាំងពីដើមថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ក្នុងនោះមានស្ត្រីនិងកុមារជាច្រើន រួមទាំងអ្នករបួសរាប់ពាន់នាក់ទៀត៕