អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ការខ្វែងគំនិតគ្នា ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ។ លោក បាននិយាយថា ស្ថានភាពនៃកិច្ចការនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សា និងប៉ះពាល់ដល់អង្គការសហប្រជាជាតិខ្លួនឯងផ្ទាល់។

លោក Guterres បានថ្លែងដូច្នេះ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ។ លោក បានថ្លែងនៅក្នុងកិច្ចពិភាក្សាដេញដោលរបស់ក្រុមប្រឹក្សាសន្តិសុខ ចូលរួមដោយមេដឹកនាំមកពីរដ្ឋជាសមាជិកជាង៩០រដ្ឋ ដែលបានជួបប្រជុំគ្នា សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រចាំឆ្នាំ។
លោក Guterres បាននិយាយថា «ការខ្វែងគំនិតគ្នាផ្នែកភូមិសាស្ត្រនយោបាយ នៅតែបន្តរារាំងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ក្រុមប្រឹក្សារួបរួម អាចបង្កើតភាពខុសគ្នាច្រើនសម្រាប់សន្តិភាព។ ក្រុមប្រឹក្សាដែលមានការខ្វែងគំនិតគ្នា មិនអាចទៅរួចនោះទេ។ សមាជិកក្រុមប្រឹក្សា និងមេដឹកនាំផ្សេងទៀត បានជួបប្រជុំគ្នានៅថ្ងៃតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតគំនិតសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន តំបន់ហ្កាហ្សា និងនៅកន្លែងផ្សេងទៀត។
ពួកគេបានព្រមព្រៀងបង្កើនការស្វែងរកដំណោះស្រាយ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយពណ៌នាបញ្ហាប្រឈមថា «កាន់តែតានតឹងជាងពេលណាៗទាំងអស់»។
ក្រុមអ្នករិះគន់ បានផ្តោតលើការបរាជ័យរបស់ក្រុមប្រឹក្សានេះដែលមិនអាចរារាំងជម្លោះបាន ហើយពួកគេនិយាយថា ការប្រើប្រាស់សិទ្ធិវេតូជាញឹកញាប់ដោយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ កំពុងធ្វើឱ្យអង្គការសកលមួយនច ជាប់គាំងដំណើរការ។
មេដឹកនាំពិភពលោកជាច្រើនរូប បានស្នើឱ្យមានការកំណត់សិទ្ធិវេតូ ខណៈមេដឹកនាំផ្សេងទៀត បានស្នើឱ្យពង្រីកក្រុមប្រឹក្សា ដោយបន្ថែមសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។