បាល់ទាត់៖ ក្រុមដែលប្រមូលផ្តុំដោយតារាបាល់ទាត់ល្បី Paris Saint Germain នឹងត្រូវទទួលក្រុមភ្ញៀវអង់គ្លេស Manchester City រាត្រីនេះនៅក្របខណ្ឌ UEFA Champions League ជុំទី២ ក្នុងពូល A។

ក្រុមរបស់លោក Mauricio Pochettino នៅមិនទាន់ច្បាស់នៅឡើយថា Lionel Messi នឹងអាចចូលលេងប្រកួតយប់នេះបានរឺអត់ បន្ទាប់ពីអវត្តមានពីរប្រកួតមកហើយដោយសាររបួសជង្គង់បន្តិចបន្តួច។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះហាក់មិនសូវមានទំនាក់ទំនងល្អជាមួយ Messi ឡើយ បន្ទាប់ពីគេឃើញ Messi មិនសប្បាយចិត្តនៅពេលផ្លាស់ប្តូរចេញពេលយកឈ្នះ Lyon ២-១ នោះ។ Messi នៅមិនទាន់រកបានគ្រាប់បាល់ឡើយតាំងពីផ្ទេរមកកាន់ PSG ខណៈគ្រាប់បាល់ចុងក្រោយបំផុតរបស់គេនៅ UCL នោះគឺតាំងពីវគ្គ ១៦ក្រុមចុងក្រោយរដូវកាលមុនជាមួយ Barcelona ស៊ុតបញ្ចូលទី PSG នេះតែម្តង។
ជុំវិញអ្នកចាំទីវិញអតីតអ្នកចាត់ការ Spurs លោក Pochettino ក៏ស្មុគស្មាញពីជំរើសអ្នកចាំទីផងដែររវាងជើងចាស់ Kaylor Navas និង Gianluigi Donnarumma។ Navas អាចនិយាយបានថា ជាអ្នកចាំទីកំពូលម្នាក់នៅលើលោកតាមរយៈបទពិសោធន៍របស់គេ តែកីឡាករចំនូលថ្មី ថ្វីបើវ័យក្មេង Donnarumma ទើបតែជួយក្រុមជំរើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០។ Navas បានចូលលេងពីរប្រកួតចុងក្រោយ និងកំពុងមានទំរង់លេងល្អតែ Donnarumma មកដល់ទីនេះមិនមែនជាអ្នកចាំទីដៃទី២ ឡើយ៕
អត្ថបទ៖នាង សុភាវុធ