នៅថ្ងៃព្រហស្បតិ៍នេះ រថក្រោះរបស់អ៊ីស្រាអែល ត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់ភាគខាងជើងអ៊ីស្រាអែល ស្របពេលដែលអ្នកនាំពាក្យនគរបាលនិយាយថា កងកម្លាំងសន្តិសុខ បានប្រុងជើងការខ្ពស់ក្នុងតំបន់ ដើម្បីជួយជនស៊ីវិលនៅតំបន់រងផលប៉ះពាល់ដោយសារការវាយប្រហារពីក្រុមហេសប៊ូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ។
លោក Dean Elsdunne គឺជាអ្នកនាំពាក្យនគរបាលអ៊ីស្រាអែល និយាយថា នគរបាលអ៊ីស្រាអែល រួមជាមួយកងកម្លាំងសន្តិសុខផ្សេងទៀត កំពុងនៅក្នុងតំបន់ ធ្វើអ្វីដែលពួកគេត្រូវការធ្វើ ដើម្បីផ្តល់សេវាកម្មដល់ជនស៊ីវិលរបស់ពួកយើង ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកពុំឆ្លើយតបចំពោះសំណើររបស់សហរដ្ឋអាមេរិក និងបារាំង សុំឲ្យមានបទឈប់បាញ់នៅប្រទេសលីបង់នោះឡើយ តែផ្ទុយទៅវិញលោកបានប្រាប់ឲ្យយោធាបន្តការប្រយុទ្ធរបស់ពួកគេយ៉ាងពេញកម្លាំងនៅពេលឥឡូវនេះ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Israel Katz បានច្រានចោលសំណើរបទឈប់បាញ់ជាមួយក្រុមហេសប៊ូឡា ក្រោយសហរដ្ឋអាមេរិក និងបារាំង អំពាវនាវឲ្យមានការផ្អាកសង្រ្គាមរយៈពេល ២១ថ្ងៃ ។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមានការព្រួយបារម្ភពីការវាយប្រហារតាមជើងគោក ។
កាលពីថ្ងៃពុធម្សិលមិញ មេបញ្ជាការយោធាអ៊ីស្រាអែលលោក Herzi Halevi បាននិយាយប្រាប់ទាហានថា ការវាយប្រហារតាមច្រកអាកាសនៅលីបង់ ត្រូវតែបន្ត ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រុមហេសប៊ូឡា និងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃប្រតិបត្តិការតាមជើងគោកដោយកងកម្លាំងអ៊ីស្រាអែល ៕


