រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់លោក Bassam Mawlawi ប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សជម្លៀសខ្លួនពីទីក្រុងភាគខាងត្បូង បានកើនឡើងដល់ ៧០.១០០នាក់ និងបានស្វែងរកទីជម្រក ៥៣៣កន្លែងនៅតាមតំបន់ជាច្រើន ។
ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា មនុស្ស ៣នាក់ បានស្លាប់ ដោយសារតែការវាយប្រហាររបស់កងកម្លាំងកាន់កាប់អ៊ីស្រាអែល(IOF) លើទីក្រុង Aita Al-Shaab ស្ថិតនៅភាគខាងត្បូងលីបង់ ។
បន្ថែមពីលើនេះទៀត មនុស្សម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និងមនុស្សម្នាក់ទៀត រងរបួស បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់ IOF លើទីក្រុង Qana ។
IOF បានប្រកាសថា យន្តហោះចម្បាំងរបស់ពួកគេ បានវាយប្រហារទីតាំង ២៨០កន្លែងដែលមានទំនាក់ទំនងជាមួយក្រុមហេសប៊ូឡា នៅប្រទេសលីបង់ ក្នុងប្រតិបត្តិការសឹកកាលពីពេលថ្មីៗនេះ ។
ស្ថានភាពនៅក្នុងប្រទេសលីបង់ បានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះការវាយប្រហាររបស់ IOF មានគោលដៅលើតំបន់ជាច្រើន ភូមិដ្ឋានជាច្រើន និងទីក្រុងជាច្រើន ទាំងនៅតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតលីបង់ ៕


