ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ និងប្រទេសហត្ថលេខីអឺរ៉ុបនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានពិភាក្សាអំពីការស្តារឡើងវិញនូវកិច្ចព្រមនេះព្រៀង និងការដកទណ្ឌកម្មពីទីក្រុងតេអេរ៉ង់។

លោកបានធ្វើការអត្ថាធិប្បាយនៅពេលមកដល់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីវិលត្រឡប់មកពីទីក្រុងញូវយ៉ក ជាកន្លែងដែលលោកបានចូលរួមសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងបានបើកកិច្ចប្រជុំទ្វេភាគីជាច្រើន រួមទាំងជាមួយសមភាគីបរទេសផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានIRNA។
លោក Pezeshkian បាននិយាយថា៖«ការពិភាក្សានេះ ត្រូវបានធ្វើឡើងអំពីផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)។ យើងបានចែករំលែកការព្រួយបារម្ភរបស់យើងជាមួយរដ្ឋអឺរ៉ុប ហើយវាត្រូវបានសម្រេចឲ្យរដ្ឋមន្ត្រីការបរទេសរបស់យើងតាមដានលើបញ្ហានេះ»។

លោក Pezeshkian បានពណ៌នាអំពីដំណើរទៅកាន់ទីក្រុងញូវយ៉កថា ទទួលបានលទ្ធផលផ្លែផ្កា ដោយបញ្ជាក់ថា លោកបានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសជិតខាង ហើយបានសម្រេចនូវកិច្ចព្រមព្រៀងមួយចំនួន។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០១៥ ដោយយល់ព្រមដាក់កម្រិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មពី ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយចុងក្រោយជំរុញទម្លាក់ចោលកាតព្វកិច្ចនុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ។