អ្នកជំនាញសន្តិសុខជាច្រើនបាននិយាយថា ទោះបីជាកងទ័ពស្រាអែល បន្តប្រយុទ្ធឥតសម្រាក និងការថយចុះនៃឃ្លាំងស្តុកអាវុធបន្ទាប់ពីសង្គ្រាមជិតមួយឆ្នាំនៅតំបន់ហ្កាហ្សាក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែមានសមត្ថភាពអាចបើកការវាយលុកលើលីបង់។

លោក យ៉ាខូវ អាយីស (Yaacov Ayish) អតីតមេបញ្ជាការនៃអង្គភាពប្រតិបត្តិការយោធាអ៊ីស្រាអែលបាននិយាយថា៖ «អ៊ីស្រាអែលនៅតែមានធនធានគ្រប់គ្រាន់ដើម្បីធ្វើការវាយលុកជើងគោក។ ពុំមាននរណាចង់បានសង្រ្គាមទេ ប៉ុន្តែនេះជាសង្រ្គាមដែលបានដាក់មកលើយើង»។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ អ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធ បន្ទាប់ពីក្រុមនេះបានដឹកនាំការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន។ បន្ទាប់មកនៅក្នុងខែសីហា អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល។

ឥឡូវនេះ បណ្ដាមេដឹកនាំយោធាបានស្នើឱ្យអ៊ីស្រាអែល បើកការឈ្លានពានជើងគោកលើលីបង់ ក្នុងគោលបំណងបំផ្លាញក្រុមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធគ្រប់គ្រងប្រទេស។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ យោធាអ៊ីស្រាអែល បានពង្រីកការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លាទៅលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនោះ ដោយបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះមក៕