ក្រុមអ្នកការទូតបាននិយាយថា បណ្ដាប្រទេសលោកខាងលិច កំពុងថ្លឹងថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) លើជម្រើសរបស់ពួកគេក្នុងមធ្យោបាយជម្លៀសប្រជាជនខ្លួនចេញពីលីបង់ដោយសុវត្ថិភាព ប្រសិនបើសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើង ដោយប្រទេសកោះស៊ីប និងទួរគី អាចមើលឃើញថាជាអ្នកផ្តល់ទីជម្រកដល់មនុស្សរាប់ម៉ឺននាក់។

ប្រទេសកោះស៊ីប គឺជារដ្ឋសមាជិកសហភាពអឺរ៉ុបដែលនៅជិតបំផុតប្រហែល ២៦៤គីឡូម៉ែត្រ ប៉ុណ្ណោះពីលីបង់។ ប្រទេសកោះនេះក៏ស្ថិតនៅជួរមុខនៃកិច្ចប្រឹងប្រែងជំនួយដែនសមុទ្រសម្រាប់តំបន់ហ្កាហ្សា ហើយកាលពីមុនត្រូវបានគេប្រើជាផ្លូវសម្របសម្រួលការជម្លៀសចេញពីលីបង់។

ស៊ីប បានដំណើរការមនុស្សប្រហែល ៦០.០០០នាក់ ដែលរត់គេចពីសង្គ្រាមហេសបូឡា-អ៊ីស្រាអែលក្នុងឆ្នាំ២០០៦ ហើយលទ្ធភាពនៃការវាយលុកជើងគោករបស់អ៊ីស្រាអែល ចូលទៅភាគខាងត្បូងលីបង់ ជាមួយនឹងការឆ្លើយតបដោយមីស៊ីលបាលិស្ទិក និងយានដ្រូនពីក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ អាចមានន័យថានឹងមានការជម្លៀសទ្រង់ទ្រាយធំពីលីបង់ និងអ៊ីស្រាអែល។

ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ មានជនជាតិខ្លួនរាប់ពាន់នាក់រស់នៅ ឬធ្វើដំណើរឆ្លងកាត់លីបង់។ ប្រទេសទាំងអស់នោះបានខិតខំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីរៀបចំផែនការជម្លៀសជាមួយប្រទេសស៊ីប ក្នុងករណីមានសង្រ្គាមពេញលក្ខណៈ។ ក្រុមអ្នកការទូតបាននិយាយថា ប្រទេសផ្សេងទៀតដែលមិនមានហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងតំបន់ ក៏នឹងត្រូវការជំនួយក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេផងដែរ៕