ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) បានប្រាប់អ៊ីស្រាអែលថា ការធ្វើឲ្យជម្លោះពាក់ព័ន្ធនឹងប្រទេសលីបង់កើនឡើងកាន់តែខ្លាំង នឹងធ្វើឲ្យជនស៊ីវិលកាន់តែពិបាកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ នៅព្រំដែននៃប្រទេសទាំង២។
កាលពីថ្ងៃទី២៦ ខែកញ្ញា អ៊ីស្រាអែល បានច្រានចោលការអំពាវនាវជាសកល ដើម្បីឲ្យមានបទឈប់បាញ់ជាមួយចលនាហេសបូឡា ដោយប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន និងបន្តបង្កើនការវាយប្រហារដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅលីបង់ និងបង្កើនការភ័យខ្លាចពីការមានសង្គ្រាមទ្រង់ទ្រាយធំ នៅក្នុងតំបន់។
ទោះបីជាមានជំហរបែបនេះរបស់អ៊ីស្រាអែលក៏ដោយ ក៏សហរដ្ឋអាមេរិក និងបារាំង បានព្យាយាមបន្តការរំពឹងទុក ក្នុងការទទួលបានបទឈប់បាញ់បន្ទាន់រយៈពេល ២១ថ្ងៃ ដែលពួកគេបានស្នើឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា ហើយបាននិយាយថា ការចរចានៅតែបន្តធ្វើ ក្នុងនោះរួមទាំងនៅខាងក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉កផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើកិច្ចពិភាក្សា រវាងលោក Blinken និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្រ្តអ៊ីស្រាអែល លោក Ron Dermer ក្រសួងការបរទេសបានឲ្យដឹងថា៖ «លោករដ្ឋមន្ត្រី បានពិភាក្សាអំពីសារៈសំខាន់នៃការឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់រយៈពេល ២១ថ្ងៃ នៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់»។ ក្រសួងបានបន្តថា លោក Blinken បានគូសបញ្ជាក់ថា «ការបង្កើននូវជម្លោះបន្ថែមទៀត នឹងធ្វើឲ្យគោលដៅនៃការវិលត្រឡប់ទៅវិញរបស់ជនស៊ីវិល កាន់តែជួបការលំបាកខ្លាំងឡើងឡើង»។
ក្រសួងការបរទេស បានបន្ថែមថា លោកក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា និងវិធានការដែលអ៊ីស្រាអែល ត្រូវចាត់ឡើង ដើម្បីកែលម្អការផ្តល់ជំនួយមនុស្សធម៌ នៅក្នុងតំបន់ដែលប្រជាជនជិត ២,៣លាននាក់ ត្រូវផ្លាស់ទីលំនៅ និងជួបនឹងវិបត្តិអត់ឃ្លាន៕