ក្រុមបាតុករបានជួបជុំគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ មុនសន្ទរកថារបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ(UN) ។
អ្នកស្រី Larissa Baldwin-Roberts គឺជាបាតុករមួយរូបនិយាយថា គាត់គឺជាឧក្រិដ្ឋជនសង្រ្គាម ហើយគាត់គួរតែត្រូវជាប់ពន្ធនាគារ ។ គាត់មិនគួរផ្តល់សុន្ទរកថានៅ UNនោះឡើយ ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែល បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ជាមួយក្រុមចលនាហេសប៊ូឡា ដោយពួកគេផ្គើនទៅនឹងសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក និងបានជំរុញឲ្យបន្តសង្រ្គាមដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅប្រទេសលីបង់ ហើយនិងធ្វើឲ្យមានការព្រួយបារម្ភថា សង្រ្គាមក្នុងតំបន់ពេញបន្ទុកនឹងអាចផ្ទុះឡើង ។
ពេលធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅមហាសន្និបាត UN លោក Netanyahu បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា យោធានឹងបន្តរវាយប្រហារពេញកម្លាំងលើក្រុមហេសប៊ូឡា ហើយពួកយើងនឹងមិនឈប់នោះទេ រហូតដល់ពួកយើងសម្រេចបានគោលដៅរបស់ពួកយើង ហើយរឿងដែលសំខាន់ជាងគេបំផុតនោះ គឺបញ្ជូនអ្នកស្រុកវិលត្រឡប់ដោយសុវត្ថិភាពមកកាន់ផ្ទះរបស់ពួកគេវិញនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បារាំង ហើយនិងសម្ព័ន្ធមិត្តផ្សេងទៀត បានជំរុញឲ្យមានបទឈប់បាញ់បន្ទាន់រយៈពេល ២១ថ្ងៃ នៅតាមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ។ ពួកគេបានបង្ហាញផងដែរការគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប ៕