មន្ត្រីម្នាក់ នៅថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) នេះ បាននិយាយថា មានអ្នកស្លាប់យ៉ាងហោចណាស់ ១៥នាក់ នៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែមាសខុសច្បាប់មួយ នៅក្នុងខេត្ត West Sumatra (សូម៉ាត្រាខាងលិច) របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមានបំណាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៧នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ការជីកយករ៉ែទ្រង់ទ្រាយតូច និងខុសច្បាប់ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ នៅឥណ្ឌូនេស៊ី ដោយធនធានរ៉ែ ដែលមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាល បង្កជាស្ថានភាពពិបាកដល់អាជ្ញាធរ ក្នុងការគ្រប់គ្រង។
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក Irwan Efendi បាននិយាយថា អណ្តូងរ៉ែមាសខុសច្បាប់ នៅតំបន់ Solok បានបាក់ បន្ទាប់ពីមានបំណាក់ដី កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ លោក Irwan បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមជួយសង្គ្រោះ ត្រូវធ្វើដំណើរដោយថ្មើរជើង ៨ម៉ោង ដើម្បីទៅដល់កន្លែង ដែលមិនមានផ្លូវធ្វើដំណើរដោយស្រួល ហើយលោកបានបន្ថែមថា៖ «ជនរងគ្រោះ គឺជាអ្នកស្រុកដែលជីករ៉ែមាសដោយដៃ»។
លោកប៉ាន់ប្រមាណថា មានមនុស្ស ២៥នាក់ នៅក្នុងអណ្តូងរ៉ែ នៅពេលកើតហេតុ ក្នុងនោះ ១៥នាក់ បានបាត់បង់ជីវិត ខណៈ ៣នាក់ រងរបួស ហើយ ៧នាក់ បាត់ខ្លួន។ នគរបាល និងយោធា បានបើកការស្វែងរក នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា សម្រាប់អ្នកបាត់ខ្លួន រួមជាមួយនឹងការងារយកសពអ្នកស្លាប់ចេញផងដែរ៕