ឧត្ដរមានជ័យ ៖ ពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត បាននាំគ្នាចូលព្រៃ ដើរដកផ្សិត ក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីយកមកលក់បានប្រាក់ខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ជាតំបន់អំណោយផលទៅដោយអនុផលព្រៃឈើដុះចំរុះគ្រប់ប្រភេទ សំបូរទៅដោយប្រភេទផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតធ្យុង ផ្សិតចម្រុះគោ នឹងផ្សិតដំបូប ផ្សិតទាំងអស់ច្រើនដុះ នៅរដូវភ្លៀងធ្លាក់។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងៗទៀត ដែលបានធ្វើដំណើររួមគ្នាមករកផ្សិត បានលើកឡើងថា មានពលរដ្ឋជាច្រើនក្រុមធ្វើដំណើរដោយគោយន្តមកពីតាមបណ្តាភូមិផ្សេងៗគ្នា ដើម្បីនាំគ្នាមកចូលព្រៃ រកផ្សិតនៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តនេះ ជាក្រុមៗ ព្រោះថា តំបន់នេះ សំបូរដោយផ្សិតរុក្ខជាតិគ្រប់ប្រភេទជាច្រើនមុខ ដែលមានប្រយោជន៍អាចយកទៅធ្វើម្ហូបបរិភោគបាននឹងលក់បានតម្លៃថ្លៃ។
ជាក់ស្តែងដូចជាផ្សិតក្ងោក និងផ្សិតទន្សោងជាដើម ក្នុងមួយថ្ងៃអាចរកបានជាង១០គីឡូក្នុងម្នាក់ៗ នឹងអាចលក់បានមួយគីឡូផ្សិតមានតម្លៃដល់ទៅ២ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នដោយសារមានអ្នករកច្រើនគ្នាធ្វើឲ្យតម្លៃមានការធ្លាក់ចុះត្រឹមតែ៨ពាន់ទៅ១ម៉ឺនរៀលតែប៉ុណ្តោះក្នុង១គីឡូ លក់ទៅឲ្យក្រុមឈ្នួញដែលមកចាំទទួលទិញនៅនឹងភូមិរបស់ពួកគាត់។
ពលរដ្ឋរូបនេះ បន្តថា ក្នុងស្ថានភាពបរិបទជំងឺកូវីដ-១៩នេះ ក្រៅពីការធ្វើស្រែប្រជាពលរដ្ឋដែលរស់នៅចំណុចក្បែរតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ភាគច្រើនពួកគាត់តែងតែប្រកបមុខរបរដើររកផ្សិតក្នុងព្រៃ ដែលជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះអាចរកបានប្រាក់កម្រៃភ្លាមៗ សំរាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ៕
អត្ថបទ ៖ ឃិន សារិទ្ធ







