ប្រទេសនូវែលសេឡង់ បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការមានមនុស្សច្រើនបំផុតសំដែងរបាំ ហាកា (Haka) ដែលជារបាំប្រពៃណីរបស់ជនជាតិដើមភាគតិច ម៉ៅរី (Maori) របស់ប្រទេសនេះ ដោយដណ្តើមបានតំណែងពីប្រទេសបារាំង។

សេចក្តីថ្លែងការណ៍របស់ពហុកីឡាដ្ឋានជាតិ អ៊ីឌែន ផាក (Eden Park) របស់ទីក្រុង អកលែន (Auckland) ដែលបានរៀបចំកម្មវិធីនេះកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) បាននិយាយថា មនុស្ស ៦.៥៣១នាក់ បានសម្តែងរបាំឈ្មោះថា កាម៉ាតេ (Ka Mate) ដែលជាប្រភេទរបាំហាកា ដោយលើសពីកំណត់ត្រាបច្ចុប្បន្នចំនួន ៤.០២៨នាក់ របស់បារាំង ចាប់តាំងពីឆ្នាំ២០១៤ មក។

លោកស្រី ហ៊ីនេវ៉េហ៊ី ម៉ូហ៊ី (Hinewehi Mohi) ឯកអគ្គរដ្ឋទូតវប្បធម៌ សម្រាប់របាំ ហាកា បានប្រាប់សារព័ត៌មាន វ័នញូវស៍ (1News) របស់នូវែលសេឡង់ថា “ហាកា គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ប្រទេស ហើយការត្រលប់មកវិញនូវកិត្យានុភាពនៃកំណត់ត្រាពិភពលោកនេះទៅទឹកដីនៃប្រភពដើម គឺមានសារៈសំខាន់ណាស់”។

របាំ ហាកា របស់ជនជាតិម៉ៅរី ជារបៀបស្វាគមន៍បែបប្រពៃណីដល់កុលសម្ព័ន្ធដែលចូលទៅកាន់ទឹកដីរបស់ខ្លួន ឬដើម្បីលើកទឹកចិត្តអ្នកចម្បាំងមុនការប្រយុទ្ធ។ ឥឡូវនេះ របាំនេះត្រូវបានសម្ដែងនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ និងត្រូវបានគេស្គាល់ថាជាផ្នែកនៃពិធីមុនការប្រកួតរបស់ក្រុមកីឡាបាល់ឱបនូវែលសេឡង់។
សូមបញ្ជាក់ថា មនុស្សស្ទើរតែ ១លាននាក់នៃប្រជាជនសរុប ៥,២លាននាក់របស់នូវែលសេឡង់ មានពូជពង្សជាជនជាតិដើមភាគតិចម៉ៅរី៕