ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥ភាគរយ ដោយ សារការរំពឹងទុកលើការបន្តងើបឡើងនៃតម្រូវការសកល, ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេ រ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
នេះបើតាមលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ថ្លែងក្នុងកិច្ចប្រជុំជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការបូកសរុបលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២១ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
លោកបន្តថា ក្រុមការងារ IMF ក៏សូមកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងសកម្ម ជាពិសេសវឌ្ឍនភាពប្រកបដោយផ្លែផ្កា នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា។ ក្រុមបេសកកម្ម Article IV របស់ IMF ក៏បានកត់សម្គាល់នូវបច្ច័យវិជ្ជមានមួយចំនួនដែលជាឱកាសសម្រាប់កម្ពុជាផងដែរ ដូចជាការរីកចម្រើនផ្នែកឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបៃតងជាដើម។
ក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២ ០២២ ខាងមុខ និងត្រៀមជាស្រេចក្នុងការផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ក្រុមការ ងារ Article IV និងបានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារ IMF និងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IMF ដែលបានផ្តល់អនុសាសន៍ល្អៗដែលជាធាតុចូល មានសារៈសំខាន់គាំទ្រដល់ការរៀបចំគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យកាន់តែប្រសើរឡើង បន្ថែមលើការគិតគូរប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងច្បាស់លាស់ពីរាជរដ្ឋាភិបាលលើការអនុវត្តគោលនយោបាយអន្តរាគមន៍រយៈពេលខ្លីនិងការរក្សាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងវែងជាដើម។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះ IMF ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់មន្រ្តីក្រ សួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាគាំទ្រដល់ចលនការនៃការឈានទៅបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច រួមចំណែកតម្រង់ទិសលើការងារស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើ ងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕ ដោយ៖ គង់ ឌិន