កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចាប់ផ្តើមប្រតិបត្តិការបន្ទាន់មួយកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់មនុស្សរហូតដល់ ១លាននាក់ដែលរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ WFP បាននិយាយថា ទីភ្នាក់ងារកំពុងចែកចាយអាហារចម្អិនស្រាប់ នំបុ័ង អាហារក្តៅ និងកញ្ចប់ស្បៀងអាហារដល់ក្រុមគ្រួសារនៅក្នុងទីជម្រកទូទាំងប្រទេស។ WFP បន្តថា “ការបង្កើនល្បឿនបន្ថែមទៀតនៃជម្លោះនៅចុងសប្តាហ៍នេះ បានបញ្ជាក់ពីតម្រូវការសម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ក្រោយមនុស្សរាប់សិបម៉ឺននាក់បានភៀសខ្លួនរួចមកហើយ”។

សេចក្តីថ្លែងការណ៍នោះបង្ហាញថា WFP បាននិងកំពុងផ្តល់ជំនួយនៅលីបង់ចាប់តាំងពីថ្ងៃទីមួយនៃវិបត្តិ ដោយផ្គត់ផ្គង់ដល់មនុស្សជាង ៦៦.០០០នាក់នៅក្នុងជម្រកនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីការវិវឌ្ឍចុងក្រោយបង្អស់ក្នុងតំបន់ នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយថា ចំនួនជនភៀសខ្លួនដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅលីបង់ ប្រហែលឈានដល់ ១លាននាក់រួចហើយ។
លោក Mikati បានពណ៌នាទំហំនៃការផ្លាស់ទីលំនៅនេះថាជា “ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រលីបង់” ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់បន្ទាន់”។ ការប្រឈមមុខដាក់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសផ្លាស់ប្ដូរការផ្តោតផ្នែកយោធាចេញពីតំបន់ហ្កាហ្សាស្ទ្រីប ទៅកាន់សមរភូមិភាគខាងជើង៕