យោធាអ៊ុយក្រែន បាននិយាយថា រុស្សីបានបង្ហោះយានដ្រូនជាច្រើនគ្រឿង សំដៅលើទីក្រុងគីវ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ ដោយអង្គភាពការពារដែនអាកាស បានការពារទីក្រុងនេះដោយជោគជ័យ អំឡុងពេលការវាយប្រហារ ដែលមានរយៈពេលជាង ៥ម៉ោង។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា យានដ្រូនទាំងអស់ដែលរុស្ស៊ីបានបង្ហោះនៅទីក្រុងគីវ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអកាស ឬត្រូវបានបំផ្លាញដោយសង្គ្រាមអេឡិចត្រូនិក។
លោកនិយាយថា តាមព័ត៌មានបឋម ពុំមានអ្នករងរបួស និងគ្មានការខូចខាតនោះទេ។
អភិបាលក្រុង គីវ លោក Vitali Klitschko និយាយថា កម្ទេចកម្ទីយានដ្រូន បានធ្លាក់នៅក្បែរអគារលំនៅឋានមួយកន្លែង ដែលអង្គភាពសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅទីតាំងនោះ។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពបានបាញ់ទម្លាក់យានដ្រូនចំនួន៦៧គ្រឿងក្នុងចំណោម៧៣គ្រឿង និងមីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីល៣គ្រាប់ ដែលត្រូវបានបាញ់ដោយរុស្ស៊ី ក្នុងអំឡុងពេលវាយប្រហារ។
ពុំមានរបាយការណ៍ពីការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬលំនៅឋាននៅក្នុងតំបន់ជុំវិញរដ្ឋធានី នោះទេ ប៉ុន្តែការវាយប្រហារនេះបានបណ្តាលឲ្យមានអគ្គិភ័យនៅក្នុងស្រុកចំនួន៥។