សេវាសង្គ្រោះបន្ទាន់ បានប្រកាសថា យ៉ាងហោចណាស់មនុស្ស ១១នាក់ បានរងរបួស កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីទៅលើតំបន់ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋធានីក្នុងតំបន់ ត្រូវ រង«ការវាយប្រហារតាមអាកាសដ៏ធំ»ជាច្រើន នៅពេលព្រឹកព្រលឹម។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«អគារមួយនិងផ្ទះចំនួន ៦ខ្នង នៅក្នុងសង្កាត់ផ្សេងគ្នានៃទីក្រុងនេះ បានទទួលរងការបំផ្លិចបំផ្លាញជាច្រើន» ដោយបន្ថែមថា សមាជិក ៤២នាក់ នៃសេវាសង្គ្រោះបន្ទាន់ កំពុងជួយអ្នកដែលជាប់នៅក្រោមគំនរបាក់បែក។
សេវាសង្គ្រោះបន្ទាន់ បានបញ្ជាក់ថា៖«យោងតាមព័ត៌មានបឋម ចំនួនអ្នករបួស បានកើនឡើងដល់ ១១ នាក់» ដោយបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់។
ស្ត្រីម្នាក់ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
អភិបាលតំបន់ លោក Ivan Fedorov បាននិយាយមុននេះថា មនុស្ស៦នាក់ បានរងរបួស។
លោក បាននិយាយថា តំបន់ Zaporizhzhia ត្រូវបានវាយប្រហារដោយការវាយប្រហាររបស់រុស្ស៊ីចំនួន ១០លើក ដែលបានបំផ្លាញ «អគារច្រើនជាន់មួយអគារ និងផ្ទះមួយចំនួន»។