ចិននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្តល់ការអនុញ្ញាតឲ្យចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋព័រទុយហ្គាល់ ក្រិក ស៊ីប និងស្លូវេនី ដើម្បីឲ្យពួកគេធ្វើដំណើរមកកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២របស់ពិភពលោកមួយនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ពលរដ្ឋមកពីប្រទេសទាំងនោះ អាចចូលប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចសង្គម សម្រាប់ធុរកិច្ច ទេសចរណ៍ ឬការឆ្លងកាត់សម្រាប់រយៈពេលតិចជាង ១៥ថ្ងៃ ដោយពុំតម្រូវឲ្យមានទិដ្ឋាការនោះឡើយ ។
ចិន បានចាត់វិធានការបែបនេះ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីរយៈពេល ៣ឆ្នាំនៃវិធានការរឹតត្បិតជំងឺ COVID-19 ដែលបានបិទព្រំដែនរបស់ពួកគេ មិនស្វាគមន៍ពិភពខាងក្រៅ ។
រដ្ឋាភិបាលចិន នឹងសំឡឹងមើលការបង្កើតរូបភាពរបស់ខ្លួនឡើងវិញផងដែរជុំវិញពិភពលោក ក្រោយប៉ះទង្គិចជាមួយបណ្តាប្រទេសលោកខាងលិច លើបញ្ហាជាច្រើន រួមទាំងបញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន និងពាណិជ្ជកម្ម ៕