យ៉ាងហោចណាស់មនុស្ស ១២នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងទារក ៣នាក់ផងដែរ ហើយ ១០នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ បានលិច នាថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) នេះ នៅឯឆ្នេរកោះ Djerba របស់ប្រទេសទុយនេស៊ី ខណៈដែលពួកគេព្យាយាមធ្វើដំណើរឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប។
មន្ត្រីម្នាក់បាននិយាយថា ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្សចំនួន ២៩នាក់ ដែលបានជិះទូកដឹកមនុស្សយ៉ាងណែនណាន់តាន់តាប់នោះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាក្រុមសិទ្ធិមនុស្ស ក្នុងស្រុក បាននិយាយថា ជនអន្តោប្រវេសន៍ទាំងអស់ នៅលើទូកនោះ គឺជាជនជាតិទុយនីស៊ី ដោយមានជនជាតិម៉ារ៉ុកតែ ២នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទុយនីស៊ីកំពុងប្រឈមនឹងវិបត្តិទេសន្តរប្រវេសន៍ដែលមិនធ្លាប់មានពីមុនមក ហើយបានឡើងទៅឈរជំនួសប្រទេសលីប៊ី ក្នុងនាមជាកន្លែងផ្ដើមចេញដំណើរដ៏ធំ សម្រាប់ទាំងប្រជាជនទុយនីស៊ី និងប្រជាជនមកពីកន្លែងផ្សេងទៀត ក្នុងទ្វីបអាហ្រ្វិកដែលស្វែងរកជីវិតល្អប្រសើរ នៅទ្វីបអឺរ៉ុប៕