ក្រុមមន្រ្តីសុខភាពដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នងនៅជំរំ Nuseirat ដែលស្ថិតនៅក្នុងចំណោមជំរំជនភៀសខ្លួនជាប្រវត្តិសាស្រ្ត ៨កន្លែងនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីន ៦នាក់ ។
មនុស្សម្នា បានជួបជុំគ្នានៅកន្លែងរងការវាយប្រហារ ស្របពេលដែលពួកគេព្យាយាមទាញអ្នកដែលជាប់ខ្លួននៅក្រោមគំនរបាក់បែក ។
សាកសពមនុស្ស ត្រូវបានគេមើលឃើញសែងលើស្នែង និងភួយ មុនពេលលើកដាក់ក្នុងរថយន្តគិលានសង្រ្គោះ ។
ប្រជាពលរដ្ឋមួយចំនួន និយាយថា ការប្រយុទ្ធគ្នា និងសកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានធ្លាក់ចុះបន្តិចបន្តួចក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ពេលដែលអ៊ីស្រាអែលងាកមកសង្រ្គាមជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ ដោយបានសម្លាប់មេដឹកនាំរបស់ពួកគេ គឺលោក Sayyed Hassan Nasrallah នៅក្នុងការវាយប្រហារតាមច្រកអាកាសកាលពីថ្ងៃសុក្រ ។
ក្រុមហេសបូឡា បានប្រកាសការស្លាប់មេដឹកនាំរបស់ពួកគេ កាលពីថ្ងៃសៅរ៍ ។
ស្របពេលការវាយប្រហារតាមជើងគោក បានធ្លាក់ចុះ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមច្រកអាកាសរបស់ពួកគេនៅលើដែនដីបិទច្រកមួយនេះ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា ភាគច្រើននៃពលរដ្ឋ ២,៣លាននាក់នៅតំបន់ហ្កាហ្សា ត្រូវបានជម្លៀសខ្លួនដោយសារសង្រ្គាម ក្នុងនោះជនប៉ាឡេស្ទីន ៤១.៥០០នាក់ ត្រូវបានសម្លាប់ ៕