វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) នេះ បានថ្កោលទោសការសម្លាប់មេដឹកនាំរបស់ក្រុមហេសបូឡា គឺលោក Sayyed Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុន ហើយបាននិយាយថា ខ្លួនបានវាយតម្លៃថា ហានិភ័យ ក្នុងការដែលសង្គ្រាមនៅមជ្ឈិមបូព៌ារីកធំ គឺ «ខ្ពស់ខ្លាំងណាស់»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ភាគីរុស្ស៊ីថ្កោលទោស ចំពោះសកម្មភាពបែបនេះ ហើយយើងជឿថា ពួកគេបាននាំឲ្យមានអស្ថិរភាពដ៏ធំ នៅក្នុងតំបន់»។
អមដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លារបស់ទីក្រុងមូស្គូ លោកបានបន្ថែមថា៖ «រឿងសំខាន់ គឺថា ការទម្លាក់គ្រាប់បែកដោយមិនគិតដល់តំបន់លំនៅឋានបែបនេះ ក្នុងប្រទេសលីបង់ នាំឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន ដែលចៀសមិនរួច នឹងនាំមកនូវគ្រោះមហន្តរាយមនុស្សធម៌ ដូចអ្វីដែលយើងកំពុងជួបប្រទះ នៅតំបន់ហ្កាហ្សា»។
គួរបញ្ជាក់ថា ការវាយលុកកាន់តែខ្លាំងឡើងៗរបស់អ៊ីស្រាអែលលើក្រុមហេសបូឡា បានធ្វើឲ្យមានការព្រួយបារម្ភជាអន្តរជាតិ អំពីហានិភ័យនៃការរីករាលដាលកាន់តែធំទៅៗនូវសង្គ្រាម ក្នុងតំបន់មជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស៕