ទិន្នន័យរបស់ក្រុមហ៊ុន LSEG នៅថ្ងៃចន្ទនេះ បានបង្ហាញថា នាវាដឹកប្រេង Pioneer ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ជុំវិញការពាក់ព័ន្ធរបស់នាវានេះជាមួយឧស្ម័នធម្មជាតិរាវ (LNG) ដែលមានប្រភពមកពីប្រទេសរុស្ស៊ី បានឆ្លងកាត់ព្រែកជីក Suez ដោយមានដឹកហ្កាស LNG។
ភ្លាមៗនេះ ប្រភពនៃហ្កាស LNG និងទិសដៅរបស់នាវា Pioneer ដែលមានទង់ជាតិប្រទេសប្រជុំកោះ Palau (ប៉ាឡូ) មិនត្រូវបានដឹងច្បាស់នោះទេ។ នាវាដឹកប្រេងនេះ ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុន Zara Shipholding Co ដែលមានការិយាល័យ នៅទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម និងទីក្រុង Mumbai របស់ប្រទេសឥណ្ឌា។
កាលពីខែមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន២ និងនាវាចំនួន ២ ក្នុងនោះមានរួមទាំងនាវា Pioneer ដែលត្រូវបានភ្ជាប់ទៅនឹងគម្រោង Arctic LNG 2 របស់រុស្ស៊ី ដោយនោះជាវិធានការចុងក្រោយបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ ជុំវិញការលុកលុយលើប្រទេសអ៊ុយក្រែន។
យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវា Pioneer បានពាក់ព័ន្ធក្នុងការផ្ទេរឧស្ម័នពីនាវាទៅនាវា ពីគម្រោង Arctic LNG 2 កាលពីថ្ងៃទី២៥ ខែសីហា៕