បើយោងតាមក្រិត្យរបស់វិមានក្រឹមឡាំងដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យកេណ្ឌទាហានថ្មីចំនួន ១៣៣.០០០នាក់ នៅក្នុងសេចក្តីព្រាងច្បាប់រដូវស្លឹកឈើជ្រុះរបស់រុស្ស៊ី ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា និងបន្តរហូតដល់ដំណាច់ឆ្នាំនេះ។

ក្រឹត្យនេះដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទំព័រសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Rossiyskaya Gazeta អំពាវនាវឲ្យអនុវត្តតាមការជ្រើសសម្រាំងពលរដ្ឋ «អាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ ដែលមិនមាននៅក្នុងកម្លាំងបម្រុង និងត្រូវកេណ្ឌឲ្យចូលធ្វើទាហាន ស្របតាមច្បាប់សហព័ន្ធចំនួន ១៣៣.០០០ នាក់»។
ប្រធានការិយាល័យកេណ្ឌទាហានរបស់រុស្ស៊ី លោកអនុឧត្តមនាវីឯក Vladimir Tsimlyansky បាននិយាយថា លក្ខខណ្ឌកំណែន នៅដដែល ពោលគឺបម្រើរយៈពេល ១២ខែក្នុងអង្គភាពយោធា នៅប្រទេសរុស្ស៊ី។ ហើយសារព័ត៌មាន Rossiyskaya Gazeta បានដកស្រង់សម្តីរបស់លោក Tsimlyansky ដែលនិយាយទៀតថា៖ «ខ្ញុំចង់ផ្ដល់ការកត់សម្គាល់ជូនថា ទាហាននឹងមិនត្រូវបានកោះហៅឲ្យចូលរួម ក្នុងប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ថ្មីទេ»។
គួរបញ្ជាក់ថា ដោយបានចាប់ផ្តើមការលុកលុយពេញលេញ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីហៅសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនថា ជាប្រតិបត្តិការយោធាពិសេស។ តែទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួន ហៅថា ជាការប៉ុនប៉ងចក្រពត្តិនិយម និងមិនសមហេតុផល ដើម្បីដណ្តើមយកដែនដី៕
