ប្រទេសកូរ៉េខាងត្បូង បានប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៦របស់ខ្លួននៅថ្ងៃអង្គារ ទី១ ខែតុលានេះ ដែលពិធីនេះរួមមានទាំងការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង B-1B របស់សហរដ្ឋអាមេរិក និងការបង្ហាញមីស៊ីលបាលីស្ទីក Hyunmoo-5 ថ្មី របស់ខ្លួន។
នៅក្នុងសុន្ទរកថា នៅឯពិធីមុនការដង្ហែក្បួន ប្រធានាធិបតី លោក Yoon Suk Yeol បានព្រមានទីក្រុងព្យុងយ៉ាងប្រឆាំងការព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ និងបាននិយាយចំអកនូវអ្វីដែលលោកហៅថាជាកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់របស់ខ្លួនជាមួយរុស្ស៊ី ដោយប្តេជ្ញាឆ្លើយតបយ៉ាងដាច់ខាតចំពោះការបង្កហេតុរបស់ខ្លួន។
បន្ទាប់ពីសុន្ទរកថា លោក Yoon បានពិនិត្យមីស៊ីលបាលីស្ទិក Hyunmoo-5 ដែលបានបង្ហាញជាលើកដំបូងបន្ទាប់ពីការសាកល្បងដោយជោគជ័យកាលពីឆ្នាំមុន។
មន្ត្រីក្រុងសេអ៊ូល បាននិយាយថា ដោយបំពាក់ក្បាលគ្រាប់ទម្ងន់ ៨ តោន មីស៊ីល Hyunmoo-5 ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីទម្លុះចូលលេណដ្ឋានក្រោមដី។
ប្រទេសកូរ៉េខាងត្បូង មានផែនការរៀបចំព្យុហយាត្រាយោធាឆ្លងកាត់រដ្ឋធានីសេអ៊ូល ដែលរួមមានទាំងការបង្ហាញមីស៊ីល រថក្រោះ និងយន្តហោះ ហោះឆ្លងកាត់ នៅល្ងាចថ្ងៃអង្គារនេះ។