អ៊ីស្រាអែលនិយាយថា ពួកគេនឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ។

មីស៊ីលបាលីស្ទិកបាញ់ដោយអ៊ីរ៉ង់ បានហោះរំលងអាកាសតាមផ្លូវឆ្ពោះទៅរកអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ជាការសងសឹកចំពោះយុទ្ធនាការសឹករបស់អ៊ីស្រាអែលលើក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ នៅប្រទេសលីបង់ ។ មីស៊ីលទាំងនេះ ត្រូវបានគេមើលឃើញហោះរំលងទីក្រុង Hebron នៃតំបន់កាន់កាប់វ៉េសប៊ែង ។

នៅក្នុងទីក្រុងតែល អាវីវ ស៊ីរ៉ែន បានបន្លឺឡើង ហើយប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់កាំជ្រួចផ្លោងទាំងអស់នេះ ។
ចំណែកឯការប្រកាសអាសន្ន បានបន្លឺឡើងដូចគ្នា នៅទូទាំងប្រទេសអ៊ីស្រាអែល ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារត់រកទីជម្រក ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា ការបាញ់មីស៊ីលទាំងអស់នេះ គឺជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមជីវពលហេសបូឡាកាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែល ហើយនិងការវាយប្រហាររបស់ពួកគេនៅប្រទេសលីបង់ និងតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលនិយាយថា មីស៊ីលជាង ១៨០គ្រាប់ ត្រូវបានបាញ់ដោយអ៊ីរ៉ង់ ។ ការបាញ់មីស៊ីលនេះ ដែរ នាំឲ្យមានការសន្យាសងសឹកភ្លាមៗពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្នុងនោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា អ៊ីរ៉ង់ បានបង្កើតកំហុសធំ ហើយពួកគេត្រូវសងនូវទង្វើបែបនេះ ។

មន្ទីរបច្ចកោណ និយាយថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានជួយអ៊ីស្រាអែល ក្នុងការបាញ់ស្កាត់មីស៊ីលរបស់អ៊ីរ៉ង់ ៕