ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្ស ៥៥ នាក់ និង ១៥៦ នាក់ផ្សេងទៀត រងរបួស។

យោងតាមក្រសួង អ្នកស្លាប់ចំនួន ១១នាក់ ត្រូវបានរាយការណ៍ នៅក្នុងស្រុក Baalbek-Hermel ២២នាក់ នៅក្នុងតំបន់រដ្ឋបាល Nabatieh បីនាក់នៅទីក្រុងបេរូត បីនាក់នៅតំបន់ Mount Lebanon និង ១៦ នាក់នៅតំបន់រដ្ឋបាលភាគខាងត្បូង។
ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក លើប្រទេសលីបង់ ក្នុងការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។
ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ មក ក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នា នៅទូទាំងព្រំដែនលីបង់ និងអ៊ីស្រាអែល ចំពេលមានការភ័យខ្លាចនៃជម្លោះកាន់តែធំឡើង ខណៈដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតែបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។