សាធារណរដ្ឋដូមីនីក កាលពីថ្ងៃពុធ (០២ តុលា) បានប្រកាសផែនការ “បន្ទាន់” មួយក្នុងការនិរទេសជនអន្តោប្រវេសន៍រហូតដល់ ១០.០០០នាក់ក្នុងមួយសប្តាហ៍ ខណៈខ្លួនបង្កើនការអនុវត្តតាមបណ្ដោយព្រំដែនជាមួយប្រទេសហៃទី បើទោះបីជាអង្គការសហប្រជាជាតិ បានអង្វរករឱ្យមិនបណ្តេញប្រជាជនទៅកាន់អ្នកជិតខាងដែលរងគ្រោះដោយជម្លោះនេះក៏ដោយ។
សេចក្តីប្រកាសពីប្រទេសកោះសមុទ្រការ៉ាអ៊ីបមួយនេះ មិនបានបញ្ជាក់ថា ផែនការនេះនឹងកំណត់គោលដៅលើជនជាតិហៃទីទេ ប៉ុន្តែជនជាតិមកពីប្រទេសជិតខាងរបស់ខ្លួនបានបង្កើតជាជននិរទេសភាគច្រើន។ ប្រសិនបើអនុវត្ត ផែនការនេះនឹងបង្កើតបានជាកំណើនគួរឱ្យកត់សម្គាល់ក្នុងការនិរទេស បន្ទាប់ពីជនជាតិហៃទីជាង ២០០.០០០នាក់ ត្រូវបានបញ្ជូនទៅវិញដោយបង្ខំកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ការិយាល័យប្រធានាធិបតី បានចង្អុលបង្ហាញពីវឌ្ឍនភាពយឺតយ៉ាវ និងលទ្ធផល “មានកំណត់” នៃបេសកកម្មសន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការជួយនគរបាលហៃទី ដណ្តើមកាន់កាប់រដ្ឋធានីឡើងវិញពីកំណើនក្រុមប្រដាប់អាវុធ។ អ្នកនាំពាក្យប្រធានាធិបតី លោក អូមេ ហ្វីហ្គ័រអា (Homero Figueroa) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដោយប្រឈមមុខនឹងការពិតដ៏សោកសៅនេះ យើងត្រូវបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏លំបាកនេះ”។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីហៃទី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អង្គការសហប្រជាជាតិ បានស្នើឱ្យប្រទេសនានារួមទាំងសាធារណរដ្ឋដូមីនីក និងសហរដ្ឋអាមេរិក បញ្ឈប់ការនិរទេសទៅហៃទីវិញ ជាទីដែលភាពអត់ឃ្លានយ៉ាងខ្លាំងបានកើនឡើង ហើយឥឡូវនេះកំពុងប៉ះពាល់ដល់ជិតពាក់កណ្តាលនៃចំនួនប្រជាជនប្រហែល ១១លាននាក់៕


