សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច បង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម ដោយមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងមានអនុប្រធាន-សមាជិក ២១រូបផ្សេងទៀត។ នេះបើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។
គណៈកម្មការនេះ មានភារកិច្ច ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា, ពិនិត្យ និងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ, ធ្វើលិខិតអញ្ជើញ និងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម, លើកគម្រោង និងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា, អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕



