រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃពុធថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានកើនឡើងដល់ ១.៩៧៤នាក់ និង៩.៣៨៤នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី ៨ ខែតុលាឆ្នាំមុន។

លោក ហ្វីរ៉ាស់ អាឡាប៊ីអាដ (Firas Alabiad) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីបេរូត ថា ការវាយលុករបស់អ៊ីស្រាអែលក៏បានឆក់យកជីវិតកុមារចំនួន ១២៧ នាក់ផងដែរ។

លោកបានបន្ថែមថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ចំនួន ៤០ នាក់ បន្ថែមពីលើការបំផ្លាញកន្លែងថែទាំសុខភាពរាប់សិបទីតាំង។
យោងតាមក្រសួងសុខាភិបាលលីបង់ ទោះបីជាអ៊ីស្រាអែលបើកការវាយប្រហារដំណាលគ្នាលើតំបន់ហ្កាហ្សា និងលីបង់ក៏ដោយ ការវាយប្រហារកាន់តែខ្លាំងបន្ទាប់ពីថ្ងៃទី២៣ ខែកញ្ញា ទីក្រុងTel Aviv បានអះអាងថាខ្លួនកំពុងផ្តោតតែលើគោលដៅរបស់ក្រុមប្រដាប់អាវុធហេសបូឡា នៅទូទាំងប្រទេសលីបង់ប៉ុណ្ណោះ ប៉ុន្តែការវាយប្រហារបានសម្លាប់មនុស្សជាង១.១០០នាក់ ។

យុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាស គឺជាការកើនឡើងនៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង Tel Aviv លើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជិត ៤១.៨០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីឆ្នាំមុនមក៕