មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បាននិយាយថា ជនស៊ីវិលកំពុងទទួលរងនូវផលប៉ះពាល់ដ៏វេទនានៃស្ថានភាព “មហន្តរាយ” យ៉ាងពិតប្រាកដនៅក្នុងប្រទេសលីបង់ ខណជំរុញឱ្យមានការគោរពច្បាប់នៃសង្គ្រាមជិតពីរសប្តាហ៍ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកដ៏ធំមួយប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡា។

ជាមួយនឹងមនុស្សប្រហែល ១លាននាក់នៅលីបង់រងផលប៉ះពាល់ពីជម្លោះនេះ លោក អ៊ីមរ៉ាន រីហ្សា (Imran Riza) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌ បាននិយាយថា ល្បឿននៃការភៀសខ្លួនចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា មក បានឡើងលើសពីស្ថានភាពដ៏អាក្រក់បំផុត ហើយការខូចខាតយ៉ាងសន្ធឹកសន្ធាប់កំពុងកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

អ៊ីស្រាអែលនិយាយថា យុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ មានគោលបំណងធានាបានការវិលត្រឡប់របស់ជនភៀសខ្លួនអ៊ីស្រាអែល ដែលត្រូវបានជម្លៀសចេញពីតំបន់ក្បែរព្រំដែនលីបង់ ដោយសារជម្លោះឆ្លងព្រំដែនជិតមួយឆ្នាំនៃការបាញ់ប្រហាររបស់ពួកហេសបូឡា ទៅលើភាគខាងជើងអ៊ីស្រាអែល។

រដ្ឋាភិបាលលីបង់និយាយថា មនុស្សប្រហែល ១,២លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងលីបង់ ជាយរដ្ឋធានីបេរូត និងផ្នែកផ្សេងទៀតនៃប្រទេស ដោយអ្នកខ្លះត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល បន្ទាប់ពីត្រូវបានជម្លៀស៕