សមាជិកសម្ព័ន្ធអារ៉ាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់នៅទីក្រុងគែរ នៅកម្រិតនៃតំណាងអចិន្ត្រៃយ៍ថា ការកាន់កាប់ផ្នែកណាមួយ ឬការលុកលុយប្រទេសលីបង់ នឹងបង្កើតជាការរំលោភលើសន្តិសុខជាតិអារ៉ាប់។

សេចក្តីថ្លែងការណ៍រួមដែលត្រូវបានបោះពុម្ពផ្សាយដោយគេហទំព័រ Shafaq News បានឲ្យដឹងថា៖«យើងថ្កោលទោសការឈ្លានពានដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់ ហើយអំពាវនាវឲ្យបញ្ចប់វាភ្លាមៗ ពីព្រោះសកម្មភាពបែបនេះ នាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់។ យើងក៏បញ្ជាក់ផងដែរថា យើងនឹងចាត់ទុកការឈ្លានពានណាមួយចូលទៅក្នុងទឹកដីនៃប្រទេសលីបង់ ឬការកាន់កាប់ដោយផ្នែករបស់ប្រទេសនេះថា ជាការរំលោភបំពាន។

អ្នកចូលរួមនៃកិច្ចប្រជុំបន្ទាន់ បានគូសបញ្ជាក់ពី «សាមគ្គីភាពពេញលេញរបស់ពួកគេជាមួយប្រទេសលីបង់ ក្នុងការប្រឈមមុខនឹងការឈ្លានពាននេះ» ហើយបានអំពាវនាវដល់អង្គការអន្តរជាតិ ឲ្យពន្លឿនការ ផ្តល់ជំនួយរបស់ពួកគេ ទៅកាន់ប្រទេសនេះ។
សម្ព័ន្ធអារ៉ាប់ ក៏បានប្រកាសការគាំទ្ររបស់ខ្លួនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres )បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសថា លោក ជាមនុស្សដែលគេមិនស្វាគមន៍ និងគាំទ្រដល់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)។