ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតរុស្ស៊ីប្រចាំនៅលីបង់ បានរៀបចំការបញ្ជូនជំនួយមនុស្សធម៌របស់រុស្ស៊ី ទៅកាន់រដ្ឋាភិបាលរបស់ប្រទេសនេះ។

យន្តហោះរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានបញ្ជូនអាហារ តង់ ថ្នាំពេទ្យ និងស្ថានីយថាមពលចល័តទៅកាន់ទីក្រុងបេរូត កាលពីថ្ងៃទី ៣ ខែតុលា។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំនៅលីបង់ដែលបន្តដំណើរការជាធម្មតា បានរៀបចំការប្រគល់ជំនួយដែលមិនចំាបាច់សងវិញនេះ ទៅឲ្យប្រទេសម្ចាស់ផ្ទះ។ ពិធីនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថានស្តីទីលីបង់លោក Nasser Yassin ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិបត្តិ និងគ្រោះមហន្តរាយ និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងបេរូតលោក Alexander Rudakov»។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា៖«ជើងហោះហើរត្រឡប់មកវិញ បានដឹកសមាជិកគ្រួសារនៃបុគ្គលិកមកពីបេសកកម្មការទូតរុស្ស៊ី និងអង្គការរុស្ស៊ីផ្សេងទៀត នៅក្នុងប្រទេសលីបង់ មកទីក្រុងមូស្គូវិញ ។ មនុស្សសរុបចំនួន ៦០នាក់ បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ»។