រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសលីបង់ លោក Ali Hamieh បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃសុក្រនេះ នៅជិតច្រកឆ្លងកាត់ព្រំដែន Masnaa ប្រទេសលីបង់ ជាមួយប្រទេសស៊ីរី បានកាត់ផ្តាច់ផ្លូវដែលត្រូវបានប្រើប្រាស់ដោយមនុស្សរាប់សែននាក់ដើម្បីជម្លៀសខ្លួនចេញពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Hamieh និយាយថា ការវាយប្រហារបានធ្លាក់ក្នុងទឹកដីលីបង់ នៅជិតច្រកឆ្លងកាត់ព្រំដែន ដោយបង្កើតជារណ្ដៅធំមួយមានទំហំ ៤ម៉ែត្រ។
អ្នកនាំពាក្យយោធារបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល បានចោទប្រកាន់ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ថា បានប្រើប្រាស់ច្រកឆ្លងកាត់នេះដើម្បីដឹកជញ្ជូនយុទ្ធោបករណ៍ចូលទៅក្នុងប្រទេសលីបង់។ អ្នកនាំពាក្យកងកម្លាំងការពារជាតិ លោក Avichay Adraee បាននិយាយនៅលើបណ្តាញ X ថា កងកម្លាំងនឹងមិនអនុញ្ញាតឱ្យមានការរត់ពន្ធសព្វាវុធទាំងនេះទេ ហើយនឹងមិនស្ទាក់ស្ទើរដើម្បីមានចំណាត់ការ ប្រសិនបើត្រូវបានបង្ខំឱ្យធ្វើ ដូចដែលខ្លួនបានធ្វើ ក្នុងសង្រ្គាមនេះ។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលលីបង់បានឲ្យដឹងថា មនុស្សជាង ៣០០.០០០នាក់ ភាគច្រើនជាប្រជាជនស៊ីរី បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនេះ ដើម្បីភៀសខ្លួនចេញពីការបាញ់ផ្លោង ដែលកំពុងកើនឡើងរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យលោក Avichay Adraee បាននិយាយនៅលើបណ្តាញ X ថា យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានប្រាប់អ្នកស្រុកនៅទីក្រុងភាគខាងត្បូងជាង២០ក្រុងក្នុងប្រទេសលីបង់ ឱ្យជម្លៀសចេញជាបន្ទាន់ ខណៈអ៊ីស្រាអែលបានរុលទៅមុខដោយការវាយលុករបស់ខ្លួន នៅក្នុងតំបន់។
ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានបង្កើនការព្រួយបារម្ភថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវជាប់ពាក់ព័ន្ធទៅក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងផ្ទុះឡើងនៅសមរភូមិមុខ។ ប្រទេសជាច្រើននៅទូទាំងពិភពលោក បានរៀបចំផែនការបន្ទាន់ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសលីបង់ បន្ទាប់ពីមានការកើនឡើងជម្លោះរវាងអ៊ីស្រាអែល និងចលនាក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់។